អដ្ឋកថាកទមបុប្ឆិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 627

អបទានរបស់ព្រះកទម្ពបុប្ផិយកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ កាលលោកកំពុងសូន្យចាកព្រះសម្មាសម្ពុទ្ធ កុលបុត្តនោះ កើតក្នុងត្រកូលមួយកន្លែង ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ សម្លឹងឃើញ ទោសក្នុងការគ្រប់គ្រងផ្ទះនោះ ទើបលះឃរាវាសបួសជាតាបស សាង អាស្រមត្រង់ភ្នំ ឈ្មោះកុក្កុដៈ ក្បែរភ្នំហិមពាន្ត កុលបុត្តនោះ បានឃើញ ព្រះបច្ចេកពុទ្ធ ៧ អង្គក្នុងទីនោះហើយ មានចិត្តជ្រះថ្លា ទើបជ្រើសរើសយក ផ្កាក្ទម្ពដែលរីកហើយ មកបូជាព្រះបច្ចេកពុទ្ធទាំងនោះ ។ ព្រះបច្ចេកពុទ្ធទាំងនោះ ក៏បានធ្វើអនុមោទនាដោយពាក្យថា ឥច្ឆិតំ បត្ថិតំ ដូច្នេះជាដើម ដោយ បុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា មាននូវសទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត រពឫកដល់ បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមក ក្នុងកាលមុន ទើបពោលពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។ ពាក្យនោះមានអត្ថដូចពោលហើយខាងដើមនោះឯង ។ បទថា កុក្កុដោ នាម បព្វតោ សេចក្តីថា ភ្នំដែលហៅថា កុក្កុដ ព្រោះភ្នំនោះមានកំពូល ដូចគ្នានឹងសិរមាន់ ត្រង់ទីទាំងសងខាងរបស់ភ្នំនោះ ។ ឈ្មោះថា បព្វត ព្រោះតាំងនៅទទឹងដោយជុំវិញ ។ បទថា តម្ហិ បព្វតបទម្ហិ បានដល់ ក្នុងទីជិតភ្នំនោះ ។