នាគបុបិ្ឆយត្ថេរាបទានទី ៨
ព្រាហ្មណ៍ឈ្មោះសុវច្ឆៈ ជាអ្នកដល់នូវត្រើយនៃមន្ត មានពួកសិស្សចោមរោម តែងនៅក្នុងចន្លោះភ្នំ ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គមានប្រាថ្នា ដើម្បីស្រោចស្រង់នូវខ្ញុំ ទើបស្តេចមកកាន់សម្នាក់ខ្ញុំ ។ ទ្រង់ ចង្រ្កមលើអាកាស ដូចប្រទីបរុងរឿង ទ្រង់ជ្រាបច្បាស់នូវសេចក្តី ត្រេកអររបស់ខ្ញុំ ហើយមានព្រះភក្ត្របែរទៅទិសខាងកើត ស្តេច ចៀសចេញទៅ ។ ចំណែកខាងខ្ញុំ ឃើញហេតុអស្ចារ្យចម្លែក គួរជាទីព្រឺរោមនោះហើយ ក៏កាន់យកនូវផ្កាខ្ទឹង រោយរាយលើផ្លូវ ដែលព្រះអង្គស្តេចទៅ ។ ក្នុងកប្បទី ១ សែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយផ្កា ដោយចិត្តជ្រះថ្លានោះ ខ្ញុំមិន ដែលទៅកើតក្នុងទុគ្គតិ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ព្រះនាមមហារថៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះនាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។