អដ្ឋកថានាគបុបិ្ឆយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 633

អបទានរបស់ព្រះនាគបុប្ផិយត្ថេរ មានពាក្យផ្តើមថា សុវច្ឆោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូល ព្រាហ្មណ៍ ចម្រើនវ័យហើយ សម្រេចការសិក្សាក្នុងសិប្បៈប្រចាំត្រកូល មានត្រៃវេទជាដើម មិនឃើញសារៈក្នុងសិប្បៈនោះ ទើបចូលទៅកាន់ព្រៃ ហិមពាន្ត បួសជាតាបស ឲ្យកាលវេលាកន្លងទៅដោយសេចក្តីសុខក្នុងឈាន និងសមាបត្តិ ។ ក្នុងសម័យនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ បាន យាងទៅកាន់ទីនោះ ដើម្បីអនុគ្រោះដល់កុលបុត្តនោះ ។ តាបសនោះឃើញ ព្រះមានព្រះភាគអង្គនោះហើយ ព្រោះភាពដែលខ្លួនជំនាញក្នុងតម្រាលក្ខណស្រាស្ត ទើបមានសេចក្តីជ្រះថ្លា ក្នុងការដល់ព្រមនៃព្រះរូបសម្បត្តិរបស់ព្រះមាន ព្រះភាគ ថ្វាយបង្គំហើយ បានឈរផ្គងអញ្ជលី ព្រោះព្រះមានព្រះភាគ មិនបានចុះអំពីអាកាស ទើបតាបសមិនបានធ្វើសក្ការៈ និងបូជា ទ្រង់យាង ចៀសចេញទៅតាមអាកាសនោះឯង ។ លំដាប់នោះ តាបសនោះ មួយអន្លើ ដោយសិស្ស ក៏បេះផ្កាខ្ទឹង ហើយយកផ្កានោះបូជាផ្លូវ ក្នុងទិសដែលព្រះមាន ព្រះភាគយាងទៅ ។ ដោយបុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ សោយសម្បត្តិក្នុងលោកទាំងពីរ បានទទួលការបូជា ក្នុង ទីទាំងពួង ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ ជាអ្នកដល់ព្រមដោយសទ្ធា បួសហើយ ធ្វើព្រះសាសនា ឲ្យដុះដាលដោយវត្តបដិបត្តិ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។