កុមុទទាយកត្ថេរាបទានទី ១០
មានស្រះកើតឯងដ៏ធំ ក្នុងទីជិតភ្នំហិមពាន្ត ជាស្រះ ដេរដាសដោយឈូក និងឧប្បល ព្រោងព្រាតដោយផ្កាឈូកស ។ ក្នុងកាលនោះ ខ្ញុំកើតជាមាន់ ជាសកុណជាតិ នៅជិតស្រះនោះ ជាសត្វមានសីល បរិបូណ៌ដោយវត្ត ឈ្លាសវៃក្នុងអំពើបុណ្យ និងបាប ។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់ នូវលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ត្រាច់ទៅក្នុងទីមិនឆ្ងាយ អំពីជាតិស្រះនោះ ។ ខ្ញុំបានកាច់ផ្កាកុមុទ ដែលកើតក្នុងទឹក បង្អោន ចូលមកថ្វាយព្រះមហេសី ។ ព្រះពុទ្ធជាមហាមុនី ទ្រង់ជ្រាបនូវ សេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់ក៏ទទួលយក ។ ខ្ញុំត្រូវកុសលមូល ដាស់តឿន ព្រោះបានឲ្យទាននោះ ខ្ញុំក៏មិនទៅកើតក្នុងទុគ្គតិ អស់ ១ សែនកប្ប ។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមវរុណៈដូចគ្នា ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះកុមុទទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ កុមុទទាយកត្ថេរាបទាន ចប់ ឧទ្ទាន ពន្ធុជីវកត្ថេរាបទាន ១ តម្ពបុប្ផិយត្ថេរាបទាន ១ វីថិសម្មជ្ជកត្ថេរាបទាន ១ កក្ការុបូជកត្ថេរាបទាន ១ មន្ទារវបុប្ផបូជកត្ថេរាបទាន ១ កទម្ពបុប្ផិយត្ថេរាបទាន ១ តិណសូលកត្ថេរាបទាន ១ នាគបុប្ឆិយត្ថេរាបទាន ១ បុន្នាគបុប្ផិយត្ថេរាបទាន ១ កុមុទទាយកត្ថេរាបទាន ១ គាថា ( ទាំងនេះ ) មាន ៥៦ ដែលលោកសម្តែងទុកហើយ ។