អដ្ឋកថាកណវេរបុបិ្ឆយត្ថេរាបទាន
អបទានរបស់ព្រះកណវេរបុប្ផិយត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថោ នាម ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលសូទ្រៈ ចម្រើនវ័យ ហើយ បានជាភ្នាក់ងាររក្សាសន្តិសុខ ក្នុងព្រះរាជវាំង ។ សម័យនោះ ព្រះមាន ព្រះភាគព្រះនាមសិទ្ធត្ថៈ មានពួកភិក្ខុសង្ឃចោមរោម ទ្រង់ព្រះរាជដំណើរទៅតាមផ្លូវធំ ។ លំដាប់នោះ អ្នករក្សាសន្តិសុខក្នុងព្រះរាជវាំងនោះ ឃើញព្រះមានព្រះភាគយាង កំពុងយាងទៅ មានចិត្តជ្រះថ្លា ទើបបូជាព្រះមាន ព្រះភាគដោយផ្កាច្បា ហើយឈរនមស្ការ ។ ដោយបុណ្យនោះ កុលបុត្តនោះ សោយសុគតិសម្បត្តិតែម្យ៉ាង ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយកន្លែង ចម្រើនវ័យហើយ បានស្តាប់ ព្រះធម្មទេសនារបស់ព្រះសាស្តា មាននូវសទ្ធា ទើបចេញបួស មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ លោកសម្រេចអរហត្តហើយ រពឫកដល់កុសលកម្មដែលធ្វើក្នុងកាល មុន កើតនូវសោមនស្ស ទើបពោលពាក្យថា សិទ្ធត្ថោ នាម ភគវា ដូច្នេះជាដើម ។ ពាក្យទាំងនោះ មានអត្ថងាយយល់ហើយ ព្រោះបានពោល ហើយខាងដើមនោះឯង ។