ខជ្ជទាយកត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 647

ក្នុងកាលពីដើម ខ្ញុំបានថ្វាយផ្លែឈើ បានថ្វាយផ្លែដូង ដែលគេសន្មតថាជាបង្អែម ចំពោះព្រះមានព្រះភាគ ព្រះនាម តិស្សៈ ។ លុះថ្វាយផ្លែឈើនោះ ចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ជាមហេសីហើយ ក៏រីករាយ ខ្ញុំមានសេចក្តីប្រាថ្នាក្នុងកាម ក៏បាន ទៅកើតតាមសេចក្តីប្រាថ្នា ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុង គ្រានោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវផ្លែឈើ ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឥន្ទសមៈ ទ្រង់បរិបូណ៌ដោយ កែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះខជ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។