កណិការច្ឆទនិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 653

ព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ ជាចម្បងក្នុងលោក ជា នរាសភៈ ជាអ្នកប្រាជ្ញ ទ្រង់ស្តេចចូលទៅកាន់មហាវ័ន ដើម្បី សម្រាកក្នុងវេលាថ្ងៃ ។ ក្នុងកាលនោះ ខ្ញុំកាច់ផ្កាកណិការធ្វើជា ឆត្រ លុះខ្ញុំធ្វើឲ្យជាដំបូលដោយផ្ការួចហើយ ទើបបូជាចំពោះ ព្រះពុទ្ធ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន បូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុង កប្ប ទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសោណ្ណាភៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះកណិការច្ឆទនិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។