សប្បិទាយកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 656

ព្រះមានព្រះភាគ ព្រះនាមផុស្សៈ ទ្រង់គួរទទួលនូវ គ្រឿងបូជា ព្រះអង្គជាវីរបុរស ស្តេចទៅតាមផ្លូវ ញ៉ាំងមហាជន ឲ្យរលត់ទុក្ខ ។ ព្រះមានព្រះភាគ ក៏ស្តេចមកកាន់សម្នាក់របស់ខ្ញុំ តាមលំដាប់ ក្នុងកាលនោះ ខ្ញុំទទួលយកបាត្រ ហើយបានថ្វាយ ទឹកដោះថ្លា និងប្រេង ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទឹកដោះថ្លា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការថ្វាយទឹកដោះថ្លា ។ ក្នុងកប្បទី ៥៦ អំពី កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមសមោទកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។