អដ្ឋកថាសប្បិទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 657

អបទានរបស់ព្រះសប្បិទាយកត្ថេរ មានពាក្យផ្តើមថា ផុស្សោ នាមាថ ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមផុស្សៈ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ។ ក្នុងកាលនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម យាងទៅតាមផ្លូវ ដល់ទ្វារផ្ទះរបស់ឧបាសកនោះ ។ លុះឧបាសកនោះ ឃើញព្រះមានព្រះភាគ មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ បានថ្វាយនូវសប្បិ និងប្រេងរហូតពេញ បាត្រ ។ ព្រះមានព្រះភាគ ទ្រង់ធ្វើអនុមោទនាហើយ ចៀសចេញទៅ ។ កុលបុត្តនោះ តម្កល់ជីវិតនៅដោយសោមនស្សនោះឯង ដរាបដល់អាយុក្ខ័យ ហើយចុតិចាកអត្តភាពនោះ ។ ដោយបុណ្យនោះ ទើបបានទៅកើតក្នុង ទេវលោក បានសោយទិព្វសុខ ហើយបានកើតក្នុងពួកមនុស្ស គ្រប់ភព ដែលកុលបុត្តនោះកើត សោយតែសេចក្តីសុខ ដល់ព្រមដោយអាហារដែល មានរសឆ្ងាញ់ ដូចជា សប្បិ ប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើម ។ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ មានសទ្ធា ដល់ព្រមដោយបញ្ញា ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ហើយ មានចិត្តជ្រះថ្លា ទើបចេញបួស ជាអ្នកបរិបូណ៌ដោយវត្តបដិបត្តិ មិន យូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ផុស្សោ នាមាថ ភគវា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ផុស្សោ ជាព្រះនាម ដែលព្រះមាតា និងព្រះបិតាដាក់ឲ្យ ព្រោះព្រះអង្គប្រសូតក្នុងឫទ្ធិផុស្សៈ ។