យុធិកបុប្ផិយត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 659
ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក ទៀបឆ្នេរស្ទឹងឈ្មោះ ចន្ទភាគា ខ្ញុំបានឃើញព្រះពុទ្ធសយម្ភូ ដូចសាលរាជព្រឹក្ស ដែល មានផ្ការីកស្គុះស្គាយ ជិតស្ទឹងនោះ ។ ខ្ញុំកាន់យកផ្កាដកខិម ហើយចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយចំពោះព្រះពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ព្រះនាមសាមុទ្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះយុធិកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។