អដ្ឋកថាយុធិកបុប្ផិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 660

អបទានរបស់ព្រះយុធិកបុប្ផិយត្ថេរ មានពាក្យផ្តើមថា ចន្ទភាគានទីតីរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយក្នុងព្រះមុនិន្ទអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងជាតិមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមផុស្សៈ កើតក្នុងត្រកូលសូទ្រៈ ចម្រើន វ័យហើយ ត្រាច់ទៅតាមក្រសែទឹក ក្បែរឆ្នេរស្ទឹងចន្ទភាគា ដោយការងារ ឯណានីមួយ បានឃើញព្រះមានព្រះភាគព្រះនាមផុស្សៈ ដែលមានបំណង នឹងស្រពស្រង់ ទ្រង់បញ្ចេញរស្មីរុងរឿងដូចគំនរភ្លើង កើតនូវសោមនស្សប េះនូវផ្កាដកខិម ( ផ្កាម្ជុល ) ដែលកើតក្នុងទីនោះ មកបូជាព្រះមានព្រះភាគ ព្រះអង្គទ្រង់ធ្វើអនុមោទនាដល់កុលបុត្តនោះ ។ ដោយចំណែកនៃបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ បានសោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះមាន ព្រះភាគ មានចិត្តជ្រះថ្លា ទើបចេញបួស ធ្វើព្រះសាសនាឲ្យល្អដោយ វត្តបដិបត្តិ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា ចន្ទភាគានទីតីរេ ដូច្នេះជាដើម ។ ពាក្យដ៏សេសទាំងអស់ មានអត្ថងាយយល់ហើយ ។