បញ្ចង្គុលិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 667

ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាទីពឹងនៃសត្វលោក ជានរាសភៈ ខ្ញុំបានឃើញព្រះពុទ្ធមហាមុនី ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងវិហារធម៌ កំពុងចូលគន្ធកុដិ ទើបកាន់យកនូវផ្កាកម្រងមានក្លិន ក្រអូប ហើយដើរទៅកាន់សម្នាក់ព្រះជិនស្រី ។ ខ្ញុំមានសទ្ធាតិចតួច សោះ បានថ្វាយនូវគ្រឿងក្រអូប ប្រោះព្រំដោយម្រាមដៃ ៥ ចំពោះព្រះសម្ពុទ្ធ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយគ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃគ្រឿងក្រអូប ដែលប្រោះព្រំដោយម្រាមដៃ ៥ ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសយម្បកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបញ្ចង្គុលិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន សុបារិចរិយត្ថេរាបទាន ១ កណវេរបុប្ផិយត្ថេរាបទាន ១ ខជ្ជទាយត្ថេរាបទាន ១ ទេសបូជកត្ថេរាបទាន ១ កណិការច្ឆទនិយត្ថេរាបទាន ១ សប្បិទាយកត្ថេរាបទាន ១ យុធិកបុប្ផិយត្ថេរាបទាន ១ ទុស្សទាយកត្ថេរាបទាន ១ សមាទបកត្ថេរាបទាន ១ បញ្ចង្គុលិយត្ថេរាបទាន ១ មានគាថា ៥៤ ។