អដ្ឋកថាបញ្ចង្គុលិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 669

អបទានរបស់ព្រះបញ្ចង្គុលិយត្ថេរ មានពាក្យផ្តើមថា តិស្សោ នាមាសិ ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងត្រកូលមួយកន្លែង ចម្រើន វ័យហើយ នៅគ្រប់គ្រងផ្ទះ សម្បូរដោយសម្បត្តិ មានសទ្ធាជ្រះថ្លា ឃើញ ព្រះមានព្រះភាគចេញចាកផ្លូវ យាងចូលទៅកាន់វិហារ បានកាន់យកផ្កា ដែលមានក្លិនក្រអូបច្រើនប្រភេទ ដូចជាផ្កាម្លិះជាដើម និងគ្រឿងលាប មាន ខ្លឹមចន្ទន៍ជាដើម ទៅកាន់វិហារ យកផ្កាទាំងឡាយបូជាព្រះមានព្រះភាគ យកម្រាម ៥ ជ្រលក់គ្រឿងក្រអូបប្រោះព្រំត្រង់សរីរៈ របស់ព្រះមានព្រះភាគ ថ្វាយបង្គំហើយ ចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ បានសោយសម្បត្តិទាំងពីរ ក្នុង ទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ កន្លែង ដែលសម្បូរដោយសម្បត្តិ ចម្រើនវ័យហើយ ស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តា មានចិត្តជ្រះថ្លា ទើបចេញបួស មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត រពឫកដល់បុព្វកម្មបានយ៉ាងជាក់ច្បាស់ថា អញបានលោកុត្តរសម្បត្តិនេះ ព្រោះធ្វើកុសលកម្មនេះឯង កាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ទើបពោលពាក្យថា តិស្សោ នាមាសិ ភគវា ដូច្នេះ ជាដើម ។ ពាក្យទាំងអស់ មានអត្ថងាយយល់ហើយ ។