និស្សេណីទាយកត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 675
ខ្ញុំបានឲ្យគេធ្វើជណ្តើរសម្រាប់ឡើងកាន់ប្រាសាទ ថ្វាយ ព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយតាទិគុណ ។ ខ្ញុំបានបំពេញសម្បទា ( នៃបុណ្យ ) ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ទើបខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ១០៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាម សម្ពហុលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះនិស្សេណីទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។