មគ្គទត្តិកត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 687
ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំជាង សត្វជើង ២ ជានរាសភៈ ទ្រង់ចង្រ្កមក្នុងទីវាលស្រឡះ ដើម្បី ប្រយោជន៍ដល់សេចក្តីសុខ ក្នុងបច្ចុប្បន្ន ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះបាទា ដែលទ្រង់លើកឡើង ហើយខ្ញុំបេះផ្កាទាំងឡាយដែលល្អ ស្ថិតលើកំពូលភ្នំ មករោយ រាយថ្វាយ ។ ក្នុងកប្បទី ២០០០០ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ៥ ជាតិ ព្រះនាមបុប្ផច្ឆទនិយៈដូចគ្នា មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះមគ្គទត្តិកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។