ឯកទីបិយត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 690

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយប្រទីប ១ ដល់ព្រះមុនី ព្រះនាមបទុមុត្តរៈ ទៀបដើមស្រល់ ជាពោធិព្រឹក្ស ដ៏ប្រសើរ ។ កាលខ្ញុំកើតក្នុងភព កាលការសន្សំបុណ្យកើតហើយ ខ្ញុំក៏មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប ។ ក្នុង កប្បទី ១៦០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមចន្ទាភៈដូចគ្នាទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកទីបិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឯកទីបិយត្ថេរាបទាន ចប់ ភាណវារទី ៩ ចប់