សង្ឃុបដ្ឋាកត្ថេរាបទានទី ១០
ខ្ញុំជាអារាមិកជន ( អ្នកទំនុកបម្រុងអារាម ឬញោមវត្ត ) ក្នុងសម្នាក់ព្រះមានព្រះភាគ ព្រះនាមវេស្សភូ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសង្ឃដ៏ឧត្តម ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាម សមោត្ថកៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះសង្ឃុបដ្ឋាកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន កុមុទមាលិយត្ថេរាបទាន ១ និស្សេណីទាយកត្ថេរាបទាន ១ រត្តិយបុប្ផិយត្ថេរាបទាន ១ ឧទបានទាយកត្ថេរាបទាន ១ សីហាសនទាយកត្ថេរាបទាន ១ មគ្គទត្តិកត្ថេរាបទាន ១ ឯកទីបិយត្ថេរាបទាន ១ មណិបូជកត្ថេរាបទាន ១ តិកិច្ឆកត្ថេរាបទាន ១ សង្ឃុបដ្ឋាកត្ថេរាបទាន ១ មានគាថា ៤៩ ។