កោតុមរិយត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 704
ខ្ញុំមានចិត្តរីករាយ ចូលទៅរកព្រះសិខីសម្ពុទ្ធ ទ្រង់រុងរឿង ដូចផ្កាកណិការ ដែលគង់នៅត្រង់ចន្លោះភ្នំ ដូចជាសមុទ្ទប្រមាណ មិនបាន ឬដូចផែនដីដ៏ក្រាស់ ព្រះអង្គមានពួកទេវតាហែហម ហើយ ទ្រង់ដូចជាអាជានេយ្យដ៏ប្រសើរ ទ្រង់ជានរៈដ៏ឧត្តម ។ ខ្ញុំ យកផ្កា ៧ ទង និងសំពត់រោមសត្វដែលលាយល្អ បូជាដល់ ព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមមហានេលៈ ទ្រង់មានតេជះ ច្រើន មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកោតុម្ពរិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។