ពោធិឧបដ្ឋាយកត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 707
ខ្ញុំជាអ្នកវាយសម្ភោរ ក្នុងនគររម្មវតី បានទៅប្រកបការបម្រើ ជានិច្ច នូវដើមពោធិព្រឹក្សដ៏ប្រសើរ ។ ខ្ញុំបម្រើល្ងាចព្រឹក ត្រូវកុសលមូលដាស់តឿនហើយ ក្នុងកប្បទី ១៨០០ ខ្ញុំមិនដែល ទៅកើតក្នុងទុគ្គតិ ។ ក្នុងកប្បទី ១៥០០ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ជាធំជាងជន មានព្រះនាមទមថៈ ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះពោធិឧបដ្ឋាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។