ឯកចិនិ្តកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 708

កាលណា ទេវតាច្យុតចាកពួកទេវតា ព្រោះអស់អាយុ សំឡេង ៣ យ៉ាង របស់ពួកទេវតា កាលអនុមោទនា តែង លាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន អ្នកច្យុតអំពីទេវលោកនេះ ហើយ ទៅកាន់សុគតិ នៅជាមួយនឹងពួកមនុស្ស លុះកើតជា មនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរ ក្នុងព្រះសទ្ធម្មចុះ សទ្ធា របស់អ្នកដែលតាំងខ្ជាប់ខ្ជួនហើយនោះ នឹងកើតជាមូល តាំងនៅ ចំពោះ ជាសទ្ធាមិនកម្រើក ក្នុងព្រះសទ្ធម្មដែលព្រះសុគតសម្តែង ល្អហើយ ដរាបដល់អស់ជីវិត ។ អ្នកត្រូវធ្វើកុសលដោយកាយ ធ្វើកុសលឲ្យច្រើនដោយវាចា ធ្វើកុសល គឺមិនព្យាបាទ មិនមាន ឧបធិដោយចិត្ត ។ តពីនោះ អ្នកត្រូវធ្វើបុណ្យនោះ ដែលខ្លួន សន្សំហើយឲ្យច្រើន ដោយការឲ្យទាន មួយវិញទៀត ត្រូវញ៉ាំង ពួកសត្វដទៃឲ្យតាំងនៅក្នុងព្រះសទ្ធម្ម និងព្រហ្មចរិយធម៌ ។ ទេវតា ជាអ្នកប្រាជ្ញទាំងឡាយ តែងរីករាយនឹងអ្នកដ៏ចម្រើន ដែលជា ទេវតាវិសេសដោយសេចក្តីអនុគ្រោះនេះថា ម្នាលទេវតា អ្នកចូរ មករឿយៗ ។ កាលពួកទេវតាកំពុងប្រជុំគ្នា គ្រានោះ ខ្ញុំមានសេចក្តី សង្វេគថា អាត្មាអញច្យុតចាកអត្តភាពនេះ ហើយនឹងទៅកាន់ កំណើតអ្វីហ្ន៎ ។ មានសមណៈមួយរូប មានឥន្ទ្រិយស្រគត់ស្រគំ ជ្រាបសេចក្តីសង្វេគរបស់ខ្ញុំ លោកមានប្រាថ្នានឹងស្រង់ខ្ញុំ និមន្ត មកក្នុងសម្នាក់របស់ខ្ញុំ ។ ក្នុងកាលនោះ សមណៈនោះ មាននាម ថា សុមនៈ ជាសាវ័ករបស់ព្រះបទុមុត្តរសម្ពុទ្ធ លោកបានប្រដៅ អត្ថ និងធម៌ ធ្វើឲ្យខ្ញុំកើតសង្វេគ ។ ខ្ញុំបានស្តាប់ពាក្យរបស់ សមណៈនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ បានថ្វាយបង្គំ ព្រះសម្ពុទ្ធហើយ ធ្វើកាលកិរិយាក្នុងទីនោះ ។ ខ្ញុំនោះ ត្រូវ កុសលមូលដាស់តឿន ក៏ចូលទៅកើតក្នុងទេវលោកនោះដដែល ខ្ញុំមិនដែលទៅកាន់ទុគ្គតិ