តមាលបុប្ផិយវគ្គោ
ក្បាលទី 60 · ទំព័រ 715
វិមានរបស់ខ្ញុំ មានសសរ ៨៤០០០ ជាវិការនៃមាស ដែលបុញ្ញកម្មនិម្មិតឲ្យហើយ មានចំណែកប្រៀបដូចលដ្ឋិវ័នឱទ្យាន របស់ទេវតា ។ ខ្ញុំមានចិត្តជ្រះថ្លាយកផ្កាស្លាតឿ បូជាដល់ព្រះពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំ បានកើតជាស្តេចចក្រពត្តិ ១ ព្រះអង្គ ព្រះនាមចន្ទតិត្តៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតមាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។