តិណសន្ថារទាយកត្ថេរាបទានទី ២
ក្នុងកាលដែលខ្ញុំកើតជាឥសី នៅអាស្រ័យក្នុងព្រៃ តែង ច្រូតស្មៅថ្វាយព្រះសាស្តា ស្មៅទាំងអស់នោះ ធ្លាក់ចុះលើផែនដី វិលទៅខាងស្តាំ ។ ក្នុងកាលនោះ ខ្ញុំយកស្មៅនោះ ក្រាលលើ ធរណីដ៏ឧត្តម ហើយខ្ញុំយកស្លឹកត្នោត ៣ ធាងធ្វើជាដំបូល លើ កំណាត់ឈើ ៣ ដើម ថ្វាយដល់ព្រះសិទ្ធត្ថសម្ពុទ្ធ ទេវតា និង មនុស្សទាំងឡាយ ទ្រថ្វាយព្រះសាស្តាអស់ ៧ ថ្ងៃ ក្នុងទីនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយស្មៅ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ស្មៅ ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមមហទ្ធនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។