អដ្ឋកថាតិណសន្ថារទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 718

គប្បីជ្រាបអបទានរបស់ព្រះថេរៈអង្គទី ២ ដូចតទៅនេះ បទថា យំ ទាយវាសិកោ ឥសិ សេចក្តីថា ព្រះថេរៈដែលហៅថា ឥសី អ្នកនៅក្នុងព្រៃ ព្រោះលោកបានបួសជាឥសីក្នុងព្រៃ បានច្រូត គឺកាត់ស្មៅ ដើម្បីប្រក់មណ្ឌប ដែលជាទីប្រថាប់របស់ព្រះសាស្តា ព្រះនាមសិទ្ធត្ថៈ ដែល យាងទៅចាំវស្សាក្នុងព្រៃនោះ ដើម្បីអនុគ្រោះកុលបុត្តនោះ អធិប្បាយថា ខ្ញុំ បានធ្វើដំបូលដោយឈើ ហើយធ្វើមណ្ឌបដោយកំណាត់ឈើតូចៗ យកស្មៅ ប្រក់មណ្ឌបនោះ បានថ្វាយ គឺបូជាដល់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ។ បទថា សត្តាហំ ធារយុំ តត្ថ សេចក្តីថា ពួកទេវតា និងមនុស្ស ដែលស្ថិតនៅក្នុងទីនោះ នាំគ្នាផ្គង គឺទ្រមណ្ឌបនោះដើម្បីព្រះសាស្តា ទ្រង់ គង់ចូលនិរោធសមាបត្តិអស់ ៧ ថ្ងៃ ។ ពាក្យដ៏សេស មានអត្ថងាយ យល់ហើយ ។