ខណ្ឌផុល្លិយត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 719

ព្រះស្តូបរបស់ព្រះមានព្រះភាគ ព្រះនាមផុស្សៈ នៅក្នុង ព្រៃធំ ក្នុងកាលនោះ ( ព្រះស្តូបនោះ ) ត្រូវពួកដំរីកម្ចេចហើយ ដើមឈើដុះទ្រុបទ្រុលក្នុងទីនោះ ។ ខ្ញុំធ្វើកន្លែងរដិបរដុប ( ប្រេះឆា ) ឲ្យស្មើ ហើយលាបបាយ-អ ខ្ញុំត្រេកអរដោយគុណទាំងឡាយ របស់សត្វក្នុងត្រៃលោក ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃដុំបាយ-អ ។ ក្នុងកប្បទី ៧៧ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមជិតសេនៈដូចគ្នា ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះខណ្ឌផុល្លិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។