អង្កោលកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 723

ខ្ញុំឃើញដើមអង្កោលមានផ្ការីក សំយុងចុះជារបៀបដ៏ល្អ ហើយ បេះផ្កានោះយកទៅក្នុងសម្នាក់ព្រះសម្ពុទ្ធ ។ ក្នុងសម័យ នោះ ព្រះសិទ្ធត្ថមហាមុនី ទ្រង់ពួនសម្ងំ ខ្ញុំរាប់អានមួយរំពេច ហើយរោយរាយផ្កាក្នុងគុហា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ ក្នុងកប្បទី ៣៦ អំពីកប្បនេះ ខ្ញុំកើតជាស្តេច ចក្រពត្តិ ព្រះនាមអសេកទេវគជ្ជិតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអង្កោលកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។