តិន្ទុកទាយកត្ថេរាបទានទី ៧
ខ្ញុំកើតជាស្វា ជាសត្វមានកម្លាំង និងសន្ទុះត្រាច់ទៅលើ ភ្នំ ដែលគេទៅបានដោយកម្រ ឃើញដើមទន្លាប់មានផ្លែ ក៏នឹកព្រះ សម្ពុទ្ធដ៏ប្រសើរ ។ ខ្ញុំចេញទៅបាន ២-៣ ថ្ងៃ ពិនិត្យមើលព្រះលោក នាយក ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះព្រះ សិទ្ធត្ថសម្ពុទ្ធ ទ្រង់ដល់ទីបំផុតនៃត្រៃភព ។ ព្រះសាស្តាព្រះអង្គ ប្រសើរក្នុងលោក ទ្រង់ជ្រាបតម្រិះរបស់ខ្ញុំ ទើបស្តេចមកក្នុង សម្នាក់របស់ខ្ញុំ ជាមួយនឹងព្រះខីណាស្រពមួយពាន់អង្គ ។ ខ្ញុំ កើតប្រាមោទ្យកាន់យកនូវផ្លែឈើ ចូលទៅគាល់ព្រះមានព្រះភាគ ជាសព្វញ្ញូ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ ទ្រង់ទទួល ( នូវផ្លែ ឈើនោះ ) ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការថ្វាយផ្លែឈើ ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ព្រះនាមឧបនន្ទៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតិន្ទុកទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។