គិរិនេលមុដ្ឋិបូជកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 728

ព្រះជិនស្រីមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុង លោក ជានរាសភៈ ទ្រង់តាំងព្យាយាម ដើម្បីអនុគ្រោះពួកសត្វ ជាន់ក្រោយ ។ ព្រះសុមេធៈអង្គនោះ ជាធំជាងសត្វជើង ២ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ស្តេចកំពុងចង្រ្កម ខ្ញុំបូជាផ្កា គិរិនេលព្រឹក្ស មួយក្តាប់ ដល់ព្រះសម្ពុទ្ធ ។ ខ្ញុំត្រូវកុសលមូល ដាស់តឿន ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់ ៣០០០០ កប្ប ដោយ ចិត្តជ្រះថ្លានោះ ក្នុងកប្បទី ២៣០០ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមសុនេលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះគិរិនេលមុដ្ឋិបូជកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។