តិកណ្ឌិបុប្ផិយត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 729
ព្រះជិនស្រីសយម្ភូទ្រង់ឈ្នះមារ ព្រះនាមសុមង្គលៈ ស្តេចចេញអំពីព្រៃ ហើយចូលទៅកាន់ទីក្រុង ។ ព្រះមុនីស្តេច ទៅបិណ្ឌបាត ហើយចេញអំពីទីក្រុង លុះព្រះសម្ពុទ្ធអង្គនោះ ទ្រង់ធ្វើភត្តកិច្ចរួចហើយ ក៏គង់ក្នុងចន្លោះព្រៃ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្កាតិកណ្ឌិព្រឹក្ស បូជាដល់ព្រះពុទ្ធសយម្ភូ ទ្រង់ស្វែងនូវគុណដ៏ធំ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបុជា ។ ក្នុងកប្បទី ៨៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ អង្គ ព្រះនាមអបសេលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតិកណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។