និគ្គុណ្ឌិបុប្ផិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 737

ខ្ញុំជាអារាមិកជន របស់ព្រះមានព្រះភាគ ព្រះនាម វិបស្សី បានយកផ្កាឈើភ្លើងទៅបូជាដល់ព្រះពុទ្ធ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាម មហាបតាបៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះនិគ្គុណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។