ឧទកទាយកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 738

ខ្ញុំឃើញ ( នូវព្រះសិទ្ធត្ថសម្ពុទ្ធ ) ជាសមណៈកំពុង ឆាន់ បានដងទឹកថ្លាមិនល្អក់ ១ ក្អម ថ្វាយដល់ព្រះសិទ្ធត្ថៈ ។ ក្នុងថ្ងៃនេះ ខ្ញុំមិនមានមន្ទិល ប្រាសចាកមន្ទិល អស់សេចក្តី សង្ស័យ ក្នុងភពដែលខ្ញុំកើតហើយ ផលរមែងកើតដល់ខ្ញុំ ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយទឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ទឹក ។ ក្នុងកប្បទី ៦១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមវិមលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឧទកទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។