សលឡមាលិយត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 739

( ខ្ញុំបានឃើញ ) ព្រះសិទ្ធត្ថសម្ពុទ្ធ ព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់រុងរឿងដូចផ្កាកណិការ គង់នៅត្រង់ចន្លោះភ្នំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺស្វាង កាលនោះ ខ្ញុំសៀតព្រួញ ធ្វើឆ្នូ មិនឲ្យបែកជាពីរ បានកាច់ផ្កាទាំងទងបូជាព្រះពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៥១ អំពីនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមជុតិន្ធរៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសលឡមាលិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។