អាធារទាយកត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 741
ខ្ញុំបានថ្វាយជើងអាធារដល់ព្រះសិខី ជាលោកពន្ធុ ( ដោយ កុសលកម្មនេះ ) ខ្ញុំទ្រទ្រង់ផែនដីទាំងមូលនេះ ។ ខ្ញុំដុតបំផ្លាញ កិលេសទាំងឡាយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំទ្រទ្រង់ រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុង កប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមសមន្តវរុណដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអាធារទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។