ហត្ថិវគ្គោ

ក្បាលទី 60 · ទំព័រ 744

ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុក-ង មានកម្លាំង ព្យាយាមក្លាហាន ដល់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាធំ ជាងសត្វជើងពីរ ជាតាទិបុគ្គល ។ ខ្ញុំបាននូវប្រយោជន៍ដ៏ឧត្តម គឺ សន្តិបទដ៏ប្រសើរនេះឯង ព្រោះខ្ញុំបានថ្វាយដំរីដល់ព្រះសម្ពុទ្ធទ្រង់ ស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំរី ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយដំរី ។ ក្នុងកប្បទី ៧៨ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមសមន្តបាសាទិកៈ ដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះហត្ថិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។