សច្ចសញ្ញកត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 746
ព្រះមានព្រះភាគ ព្រះនាមវេស្សភូ មានភិក្ខុសង្ឃចោមរោម ទ្រង់សម្តែងអរិយសច្ច ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ។ ខ្ញុំ ដល់នូវសេចក្តីករុណា បានទៅកាន់ទីប្រជុំ ខ្ញុំនោះ អង្គុយស្តាប់ ធម៌របស់ព្រះសាស្តា ។ លុះខ្ញុំស្តាប់ធម៌របស់ព្រះសាស្តានោះ ហើយ ក៏បានទៅកាន់ទេវលោក ខ្ញុំនៅក្នុងបូរី ក្នុងទេវលោកនោះ អស់ ៣០ កប្ប ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃសច្ចសញ្ញា ។ ក្នុងកប្បទី ២៦ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាមឯកផុស្សិតៈ ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសច្ចសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។