តាលវណ្តទាយកត្ថេរាបទានទី ៧
ខ្ញុំបានថ្វាយផ្លិតស្លឹកត្នោត ដល់ព្រះសម្ពុទ្ធ ព្រះនាម តិស្សៈ ទ្រង់មានទិព្វចក្ខុ ដើម្បីរម្លត់កម្តៅ និងរម្ងាប់សេចក្តី ក្រហល់ក្រហាយ ។ ខ្ញុំបានរម្លត់ភ្លើងរាគៈផង ភ្លើងទោសៈផង រម្លត់ភ្លើងមោហៈផង ដែលជាភ្លើងក្តៅក្រៃលែងជាងនោះ នេះជា ផលនៃផ្លិតស្លឹកត្នោត ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយ គាស់ រម្លើងភពទាំងអស់ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនា របស់ព្រះសម្មាសម្ពុទ្ធ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផ្លិតស្លឹកត្នោត ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមមហារាមៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតាលវណ្តទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។