បាបនិវារិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 753

ខ្ញុំជម្រះទីចង្រ្កម បិទបាំងដោយដើមបបុស ជាគ្រឿង ការពារខ្យល់ និងកម្តៅថ្ងៃ ដើម្បីព្រះមានព្រះភាគ ព្រះនាមបិយទស្សី ។ ខ្ញុំតម្កល់ទុកនូវការបំពេញកុសល ដើម្បីប្រយោជន៍ដល់ ការវៀរបង់នូវបាប ដើម្បីលះបង់នូវកិលេសទាំងឡាយ ក្នុង សាសនានៃព្រះសាស្តា ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ព្រះនាមអគ្គិតេជះ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ បាបនិវារិយត្ថេរាបទាន ចប់ ឧទ្ទាន ហត្ថិទាយកត្ថេរាបទាន ១ បានធិទាយកត្ថេរាបទាន ១ សច្ចសញ្ញកត្ថេរាបទាន ១ ឯកសញ្ញកត្ថេរាបទាន ១ រំសិសញ្ញកត្ថេរាបទាន ១ សន្ធិតត្ថេរាបទាន ១ តាលវណ្តទាយកត្ថេរាបទាន ១ អក្កន្តសញ្ញកត្ថេរាបទាន ១ សប្បិទាយកត្ថេរបទាន ១ បាបនិវារិយត្ថេរាបទាន ១ មានគាថា ៥៤ ។