អារក្ខទាយកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 757

ខ្ញុំឲ្យគេធ្វើបង្កាន់ដៃ ថ្វាយព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ មួយទៀត ខ្ញុំថ្វាយការរក្សាចំពោះព្រះសុគតមហេសី ។ ហេតុតែកម្មដ៏វិសេសនោះ ខ្ញុំមិនដែលជួបភ័យ ដែលគួរខ្លាចទេ ខ្ញុំដែលកើតក្នុងទីណាៗ មិនចេះមានសេចក្តីតក់ស្លុតឡើយ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេធ្វើបង្កាន់ ដៃ ថ្វាយព្រះពុទ្ធក្នុងភពមុន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃបង្កាន់ដៃ ។ ក្នុងកប្បទី ៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ អង្គ ព្រះនាមអបស្សេនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអារក្ខទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។