អព្យាធិកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 758

ខ្ញុំបានថ្វាយរោងភ្លើង ដល់ព្រះមានព្រះភាគ ព្រះនាម វិបស្សីផង បានប្រគេនអាវាសសម្រាប់ទទួលទឹកក្តៅ ដល់ភិក្ខុ ដែលមានជំងឺផង ។ អត្ថភាពរបស់ខ្ញុំដែលបុញ្ញកម្មនិម្មិតល្អហើយ ដោយកម្មណា ខ្ញុំមិនដែលស្គាល់ជំងឺ ដោយកម្មនោះ នេះជា ផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយរោងភ្លើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃរោងភ្លើង ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ជាធំជាងពួកនរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអព្យាធិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។