វកុលបុប្ផិយត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 759

ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈ ខ្ញុំបានឃើញ ព្រះវិបស្សីសម្ពុទ្ធ ជាកំពូលនៃពួកសមណៈ ដែលទេវតាតែងធ្វើ សក្ការៈហើយ ជាព្រះពុទ្ធ ទ្រទ្រង់នូវអនុព្យញ្ជនៈ គួរទទួលនូវ គ្រឿងបូជា ខ្ញុំយកផ្កាព្កុលបូជាដល់ព្រះសម្ពុទ្ធ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៧៤ អំពីកប្បនេះ ខ្ញុំ បានកើតជាក្សត្រព្រះនាមរោមសៈ ពាក់កម្រងផ្កា និងគ្រឿងអម្ពរ ប្រកបដោយយាន និងពលពាហនៈ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះវកុលបុប្ផិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។