សោវណ្ណវដំសកិយត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 760

ខ្ញុំដើរទៅកាន់ទីឧទ្យាន បានឃើញព្រះលោកនាយក ក៏កាន់ផ្កាប្រដាប់ក្បាលធ្វើដោយមាស ដែលជាងនិម្មិតល្អហើយ ។ ខ្ញុំដើរទៅដោយរួសរាន់ ឡើងជិះលើ-កដំរីហើយ បូជាដល់ព្រះពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាមមហាបតាបៈ ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសោវណ្ណវដំសកិយត្ថេរមានអាយុ បាន សម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។