មិញ្ជវដំសកិយត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 761

កាលព្រះលោកនាថ ព្រះនាមសិខីប្រសើរជាង ពួកអ្នកប្រាជ ទ្រង់បរិនិព្វានហើយ ខ្ញុំបានធ្វើការបូជាដើមពោធិព្រឹក្ស ដេរដាសដោយផ្កាប្រដាប់ក្បាល ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជាដោយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពោធិបូជា ។ ក្នុងកប្បទី ២៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាម មេឃព្ភៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមិញ្ជវដំសកិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។