សុកតាវេឡិយត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 762
ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះអសិតៈ កាន់កម្រងផ្កាប្រដាប់ក្បាលដើរទៅ ដើម្បីនឹងថ្វាយស្តេច ។ ខ្ញុំ មិនទាន់ដល់ស្តេច ក៏បានឃើញព្រះសិខីនាយក ខ្ញុំមានចិត្តរីករាយ ក៏បូជាដល់ព្រះពុទ្ធ ដោយចិត្តរីករាយ ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលទៅកាន់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ព្រះនាមវេភារៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសុកតាវេឡិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។