អដ្ឋកថាសាលបុប្ផិយត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 770
គប្បីជ្រាបអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា អរុណវតិយា នគរេ មានវិគ្គហៈថា ឈ្មោះថា អរុណ ព្រោះផុស គឺ ផុសឡើង ធ្វើឲ្យកើតពន្លឺដោយជុំវិញ ឈ្មោះថា អរុណវតី ព្រោះក្នុងនគរ នោះ មានអរុណ អធិប្បាយថា ព្រះអាទិត្យរះឡើង ធ្វើឲ្យកើតពន្លឺពេញព្រះនគរ នោះ ក្នុងព្រះនគរដទៃៗ ក៏មានព្រះអាទិត្យរះដូចគ្នា តែគប្បីជ្រាបថា ជា ពាក្យហៅចំពោះ ដូចពាក្យថា មហឹស ព្រោះដេកលើផែនដី ឯសត្វជើង ៤ ទាំងអស់ ក៏ដេកលើផែនដីដូចគ្នា តែគប្បីជ្រាបថា លោកហៅថា មហឹស ព្រោះអត្ថរបស់សព្ទពង្រីកចេញ ។ ម្យ៉ាងទៀត ពន្លឺ ដូចជាការរះឡើងនៃព្រះ អាទិត្យ ពន្លឺនៃរតនៈ ៧ ប្រការ មានមាស ប្រាក់ កែវមណី និងកែវមុក្តា ជាដើម បញ្ចេញពន្លឺទៅក្នុងទីផ្សេងៗ ដូចជាកំពែង ប្រាសាទ និងគុហាជាដើម ក៏ឈ្មោះថា អរុណវតី អធិប្បាយថា ខ្ញុំបានចិញ្ចឹមជីវិតដោយការធ្វើនំលក់ នៅក្នុងនគរអរុណវតីនោះឯង ។