កិលញ្ជទាយកត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 771
ក្នុងកាលនោះ ខ្ញុំកើតជាអ្នកត្បាញផែង នៅក្នុងតិវរបុរី ជាទីរមណីយដ្ឋាន ឯប្រជុំជន បានជ្រះថ្លាចំពោះព្រះសិទ្ធត្ថសម្ពុទ្ធ ព្រះអង្គទ្រង់បំភ្លឺលោកក្នុងទីនោះ ។ ប្រជុំជនស្វែងរកកន្ទេល ដើម្បី បូជាព្រះលោកនាថ ខ្ញុំបានឲ្យកន្ទេលដល់ពួកជនអ្នកធ្វើពុទ្ធបូជា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកន្ទេល ។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលន្ធរៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកិលញ្ជទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។