វេទិទាយកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 773

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើខឿន ត្រង់ដើមពោធិព្រឹក្សដ៏ប្រសើរ របស់ព្រះមានព្រះភាគ ព្រះនាម វិបស្សី ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានឲ្យគេកសាងខឿន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃខឿន ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ព្រះនាមសុរិយស្សមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះវេទិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។