វាសិទាយកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 783

ក្នុងភពមុន ខ្ញុំកើតជាជាងដែក ក្នុងក្រុងតិវរា ជាបុរី ដ៏ប្រសើរ ខ្ញុំបានថ្វាយកាំបិតព្រា ១ ដល់ព្រះសយម្ភូ ទ្រង់ឈ្នះ កិលេស ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំ បានថ្វាយកាំបិតព្រា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយកាំបិតព្រា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះវាសិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ វាសិទាយកត្ថេរាបទាន ចប់ ឧទ្ទាន ឧទកាសនទាយកត្ថេរាបទាន ១ ភាជនទាយកត្ថេរាបទាន ១ សាលបុប្ផិយត្ថេរាបទាន ១ កិលញ្ជទាយកត្ថេរាបទាន ១ វេទិទាយកត្ថេរាបទាន ១ វណ្ណការកត្ថេរាបទាន ១ បិយាលបុប្ផិយត្ថេរាបទាន ១ អម្ពយាគទាយកត្ថេរាបទាន ១ ជគតិការកត្ថេរាបទាន ១ វាសិទាយកត្ថេរាបទាន ១ មានគាថា ៣៨ ។