តុវរទាយកវគ្គោ

ក្បាលទី 60 · ទំព័រ 785

ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ ខ្ញុំបាន ឃើញផ្លែកំញាននោះ មានសម្បុរក្រហម ហើយនាំយកទៅ ប្រគេនដល់ព្រះសង្ឃ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃគ្រាប់កំញាន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតុរដ្ឋិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។