ធាតុបូជកត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 796
កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ឧត្តមជាងពួកនរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានព្រះធាតុ ១ អង្គ របស់ព្រះ សិទ្ធត្ថៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ ជាតាទិបុគ្គល ។ ខ្ញុំ កាន់យកព្រះធាតុនោះ របស់ព្រះពុទ្ធ ជាផៅពង្សនៃព្រះអាទិត្យ ហើយបម្រើអស់ ៥ ឆ្នាំ ដូចកាលបម្រើព្រះអង្គ ជាបុគ្គលឧត្តម ជាងពួកនរៈ កាលទ្រង់គង់ព្រះជន្មនៅឡើយដែរ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះធាតុ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើព្រះធាតុ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះធាតុបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។