អដ្ឋកថាឯកាសនទាយកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 807
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះ បទថា វិជហិត្វា ទេវវណ្ណំ សេចក្តីថា លះនូវសរីរៈទេវតា កាឡាខ្លួន ជាមនុស្ស ។ បទថា អធិការំ កត្តុកាមោ សេចក្តីថា ខ្ញុំជាទេវរាជ នាមថា ទេវរៈ មួយអន្លើដោយភរិយា មានបំណងនឹងធ្វើអធិការ គឺបុញ្ញសម្ភារ ព្រោះ មានសេចក្តីជ្រះថ្លា ក្នុងព្រះសាសនារបស់ព្រះពុទ្ធដ៏ប្រសើរ ទើបបាននាំគ្នា មកក្នុងមនុស្សលោកនេះ ។ បទថា តស្ស ភិក្ខា មយា ទិន្នា សេចក្តីថា ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយភិក្ខា គឺបិណ្ឌបាតដល់សាវ័ករបស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ដែលលោកមានឈ្មោះថា ទេវលៈ ។