ចិតកបូជកត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 808
ព្រះសយម្ភូសម្ពុទ្ធ ទ្រង់ឈ្នះកិលេស ព្រះនាមអានន្ទ ទ្រង់បរិនិព្វានក្នុងព្រៃធំ ដែលមិនមានមនុស្ស ។ ក្នុងកាលនោះ ខ្ញុំ ចុះអំពីទេវលោក មកក្នុងទីនេះ ធ្វើជើងថ្ករបូជាសរីរៈផង ធ្វើ សក្ការៈផង ក្នុងព្រៃនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។